ការផ្លាស់ប្រែ
ខ្ញុំមានមិត្តភ័ក្តម្នាក់ ដែលហាក់ដូចជាល្អជាងខ្ញុំ គ្រប់ចំណុច។ គាត់ឆ្លាតជាងខ្ញុំ។ គាត់គិតបានស៊ីជម្រៅជាង ហើយគាត់ដឹងថា នៅទីណាគាត់អាចរកបានសៀវភៅដែលល្អជាងសម្រាប់អាន។ គាត់ថែមទំាងលេងកីឡាវាយកូនហ្គោលបានល្អជាងខ្ញុំផងដែរ។ ពេលខ្ញុំចំណាយពេលជាមួយគាត់ ខ្ញុំបានទទួលការជំរុញចិត្តឲ្យខិតខំធ្វើយ៉ាងណា ឲ្យក្លាយជាមនុស្សដែលល្អជាងមុន ដែលមានគំនិតកាន់តែស៊ីជម្រៅ។ ខ្នាតគំរូនៃភាពល្អប្រសើររបស់គាត់ បាននាំចិត្តខ្ញុំឲ្យខិតខំស្វែងរកការអ្វីដែលកាន់តែធំប្រសើរ។
ការនេះធ្វើឲ្យខ្ញុំនឹកចាំ អំពីគោលការណ៍ខាងវិញ្ញាណ ដែលបានបង្រៀនយើងឲ្យចំណាយពេលជាមួយព្រះបន្ទូលព្រះ ដើម្បីឲ្យយើងអាចនៅជាប់នឹងព្រះគ្រីស្ទ។ ពេលខ្ញុំអានបទគម្ពីរដែលចែងអំពីសេចក្តីស្រឡាញ់ដែលគ្មានលក្ខខ័ណ្ឌ ដែលព្រះគ្រីស្ទមានចំពោះយើង ខ្ញុំក៏បានទទួលការបណ្តាលចិត្ត ឲ្យស្រឡាញ់អ្នកដទៃ ដោយមិនទៀមទាការតបស្នងអ្វីឡើយ។ ពេលខ្ញុំដឹងថា ព្រះអង្គប្រទានសេចក្តីមេត្តាកុរណា និងព្រះគុណ ដោយឥតគិតថ្លៃ ដល់មនុស្សដែលមិនសមនឹងទទួល ខ្ញុំមានចិត្តខ្មាស់អៀនណាស់ ព្រោះខ្ញុំចេះតែមិនព្រមអត់ទោសឲ្យគេ ហើយចង់សងសឹក។
ខ្ញុំមានការដឹងគុណព្រះកាន់តែខ្លាំង ពេលដែលខ្ញុំដឹងថា ព្រះអម្ចាស់បានដណ្តប់កាយខ្ញុំ ដោយសម្រស់នៅសេចក្តីសុចរិតដ៏គ្រប់លក្ខណ៍របស់ព្រះអង្គ ទោះបីជាខ្ញុំបានប្រព្រឹត្តខុស គួរឲ្យខ្មាស់អៀនយ៉ាងណាក៏ដោយ។ ព្រះអង្គបានបង្ហាញផ្លូវដ៏អស្ចារ្យ និងប្រាជ្ញាដែលគ្មានគូប្រៀបរបស់ព្រះអង្គ ក្នុងព្រះគម្ពីរ ដែលបានបណ្តាលចិត្ត និងធ្វើឲ្យជីវិតខ្ញុំផ្លាស់ប្រែ។ ខ្ញុំមិនចង់ឲ្យជីវិតខ្ញុំនៅដដែលឡើយ ពេលដែលព្រះអង្គនាំឲ្យខ្ញុំផ្លាស់ប្រែកាន់តែដូចព្រះអង្គ ក្នុងព្រះវត្តមានព្រះអង្គ។
សាវ័កប៉ុលបានប្រាប់យើង ឲ្យមើលទៅព្រះគ្រីស្ទ ដោយអំណរ ហើយកាលណាយើងមើលទៅព្រះអង្គ យើងក៏បាន “ផ្លាស់ប្រែទៅ ឲ្យដូចជារូបឆ្លុះនោះឯង ពីសិរីល្អទៅដល់សិរីល្អ គឺដោយសារព្រះអម្ចាស់ដ៏ជាព្រះវិញ្ញាណ”(២កូរិនថូស ៣:១៨)។-Joe Stowell
ពិភពលោកដែលល្អជាងមុន
កាលខ្ញុំនៅក្មេង ខ្ញុំចូលចិត្តមើលសៀវភៅរឿងដែលមានរូបគំនូ ដែលមានចំណងជើងថា ភីណាត់ ដែលមានឆាលី ប្រោន(Charlie Brown)ជាតួអង្គសំខាន់។ រឿងនេះមានច្រើនភាគ ដែលក្នុងនោះ លូស៊ី(Lucy)ជាតួអង្គ ដែលតែងតែមានទំនុកចិត្តលើខ្លួនឯង បានពោលថា “ហេតុអ្វីបានជាពិភពលោកនេះ ប្រែជាកាន់តែអាក្រក់ឡើង ទាំងដែលខ្ញុំកំពុងរស់នៅយ៉ាងនេះ? ចាប់តាំងពីខ្ញុំកើតមក ពិភពលោកនេះបានមានការរីកចម្រើនជាងមុន យ៉ាងច្បាស់ណាស់!” ជាការពិតណាស់ ត្រង់ចំណុចនេះ លូស៊ីកំពុងតែបង្ហាញចេញនូវទស្សនៈដែលខុសពីការពិត និងលើកដំកើងខ្លួនឯង តែពាក្យសម្តីរបស់នាង មានចំណុចមួយ ដែលគួរឲ្យចាប់អារម្មណ៍។ ចុះបើសិនជាយើងត្រូវព្យាយាមធ្វើឲ្យលោកិយ ក្លាយជាកន្លែងដែលល្អជាងមុន ដោយបង្ហាញចេញនូវក្តីស្រឡាញ់នៃព្រះគ្រីស្ទ ទោះបីព្រះអង្គដាក់យើងនៅកន្លែងណាក៏ដោយ តើយើងនឹងគិតយ៉ាងណាដែរ?
ពេលដែលសាវ័កពេត្រុសសរសេរសំបុត្រទៅកាន់គ្រីស្ទបរិស័ទ ដែលកំពុងជួបការបៀតបៀន គាត់បានណែនាំពួកគេឲ្យ “ប្រព្រឹត្តដោយទៀងត្រង់” (១ពេត្រុស ២:១២) ដោយធ្វើការល្អ ដែលនឹងថ្វាយសិរីល្អដល់ព្រះ។ ម្យ៉ាងទៀត យើងអាចធ្វើឲ្យលោកិយក្លាយជាកន្លែង ដែលល្អជាងមុន តាមរយៈការប្រព្រឹត្តរបស់យើង។ ចូរយើងពិចារណា អំពីការផ្លាស់ប្រែដែលកើតមានក្នុងជីវិតយើង ដោយសារសេចក្តីស្រឡាញ់ សេចក្តីមេត្តា ការអត់ទោសបាប យុត្តិធម៌ និងសន្តិភាព ដែលព្រះគ្រីស្ទបានប្រទានដល់យើង។ ខ្ញុំតែងតែគិតថា បើសិនជាយើងអនុវត្តតាមបទគម្ពីរនេះ នោះគេប្រហែលជានិយាយថា “ការិយ៉ាល័យយើង ជាកន្លែងល្អជាមុន ដោយសារការល្អដែលយើងបានធ្វើ” ឬថា “តំបន់រស់នៅរបស់យើង…
មោទនភាព
កាលពីថ្ងៃអាទិត្យ នៃថ្ងៃបុណ្យព្រះគ្រីស្ទមានព្រះជន្មឡើងវិញ ក្នុងឆ្នាំ១៩៩៣ លោកបឺនហាដ លែងហ្គ័រ(Bernhard Langer) បានប្រកួតឈ្នះពានរង្វាន់ កីឡាវាយកូនហ្គោលម៉ាស្ទ័រ។ វាជាព្រឹត្តិការណ៍ដែលខ្ញុំមិនអាចបំភ្លេចបានឡើយ។ ពេលដែលគាត់បានវាយកូនហ្គោលចូលរន្ធទី១៨ហើយ គាត់ក៏បានដើរចេញមកទទួលអាវធំពណ៌បៃតងមួយ ដែលស្ថិតក្នុងចំណោមរង្វាន់ ដែលមានតម្លៃបំផុតរបស់ការប្រកួតកីឡាវាយកូនហ្គោល។ ពេលនោះ អ្នកយកពត៌មានម្នាក់បានសម្ភាសគាត់ថា “ថ្ងៃនេះ ប្រាកដជាថ្ងៃដែលអស្ចារ្យបំផុត ក្នុងជីវិតរបស់លោកហើយ តើមែនទេ?” លោកលែងហ្គ័រក៏បានឆ្លើយតបភ្លាមថា “វាពិតជាអស្ចារ្យណាស់ ដែលខ្ញុំបានឈ្នះការប្រកួតដ៏ធំបំផុតក្នុងពិភពលោក តែដែលកាន់តែអស្ចារ្យថែមទៀតនោះ គឺខ្ញុំបានឈ្នះការប្រកួតនៅថ្ងៃបុណ្យព្រះយេស៊ូវមានព្រះជន្មឡើងវិញ ដែលជាការអបអរការមានព្រះជន្មឡើងវិញ នៃព្រះអម្ចាស់ និងព្រះសង្រ្គោះរបស់ខ្ញុំ”។
នេះជាឱកាស ដែលលោកលែងហ្គ័រអាចមានមោទនភាពចំពោះខ្លួនឯង ប៉ុន្តែ ផ្ទុយទៅវិញ គាត់បានថ្វាយការសរសើរដល់ព្រះយេស៊ូវគ្រីស្ទវិញ។ សាវ័កប៉ុលក៏បានថ្វាយការសរសើរដូចនេះផងដែរ គឺដូចដែលគាត់បានមានប្រសាសន៍ថា “យើងក៏មានសេចក្តីរីករាយចំពោះព្រះផង ដោយនូវព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាដែលឥឡូវនេះ យើងបានជាមេត្រីដោយសារទ្រង់ហើយ”(រ៉ូម ៥:១១)។
ត្រង់ចំណុចនេះ យើងក៏ងាយនឹងធ្វើឲ្យគេចាប់អារម្មណ៍ចំពោះជោគជ័យរបស់យើងផងដែរ ដោយយើងប្រហែលជាមានចំណុចជាច្រើនដែល “គួរឲ្យសរសើរ”។ សូម្បីតែសាវ័កប៉ុលក៏បានទទួលស្គាល់ផងដែរថា គាត់មានគុណសម្បត្តិជាច្រើន ដែលល្មមនឹងឲ្យគាត់មានមោទនភាពចំពោះខ្លួនឯង តែគាត់បានចាត់ទុកការទាំងនោះ ជា “សំរាម” ប្រយោជន៍ឲ្យបានព្រះគ្រីស្ទវិញ(ភីលីព ៣:៨)។ ពេលដែលយើងយកគំរូតាមគាត់ យើងនឹងបានទទួលព្រះពរជាច្រើនសន្ធឹក។
ដូចនេះ បើសិនជាអ្នកពិតជាចង់មានមោទនភាពចំពោះអ្វីមួយ នោះចូរមានមោទនភាពចំពោះព្រះយេស៊ូវ និងចំពោះការអ្វីដែលព្រះអង្គបានធ្វើសម្រាប់អ្នកចុះ។ ចូរស្វែងរកឱកាសនាំឲ្យគេសរសើរដំកើងព្រះអង្គ។-Joe Stowell
អាហារសម្រាប់ចិត្ត
ខ្ញុំចូលចិត្តអាហារ! ខ្ញុំចូលចិត្តមើលអាហារដែលគេបានរៀបយ៉ាងស្អាត នៅលើតុ ហើយខ្ញុំចូលចិត្តក្រេបយករស់ជាតិរបស់អាហារទាំងនោះបន្តិចម្តងៗ។ បើសិនជាខ្ញុំអាចញាំអាហារបានតាមចិត្ត នោះខ្ញុំនឹងញ្ញាំឲ្យបានកាន់តែញឹកញាប់ ទោះបីជាវានឹងបណ្តាលឲ្យខ្ញុំឡើងគីឡូក៏ដោយ។ តែវាជាការប្រសើរណាស់ ដែលភរិយារបស់ខ្ញុំដឹងថា ពេលណានាងត្រូវរំឭកខ្ញុំ ដោយក្តីស្រឡាញ់ ឲ្យញាំអាហារដែលនាំឲ្យមានសុខភាពល្អ ក្នុងបរិមាណដ៏ត្រឹមត្រូវ។
យ៉ាងណាមិញ ហោរាយេរេមាបានមានប្រសាសន៍ថា ពេលដែលគាត់បានឃើញព្រះបន្ទូល(ដោយរាប់បញ្ចូលទាំងព្រះបន្ទូល អំពីការជំនុំជម្រះរបស់ព្រះផង) គាត់បាន “ទទួលទាន”ភ្លាម(យេរេមា ១៥:១៦)។ ការនេះបានធ្វើឲ្យខ្ញុំសួរខ្លួនឯងថា តើខ្ញុំបានស្រេកឃ្លានព្រះបន្ទូលព្រះ ហើយទទួលទានព្រះបន្ទូលព្រះអង្គភ្លាមៗ ឲ្យបានញឹកញាប់ដូចលោកយេរេមាដែរឬទេ?
ជាការពិតណាស់ លោកយេរេមាមិនបាននិយាយសំដៅទៅលើ ការទទួលទាន ដោយយកព្រះបន្ទូលមកដាក់ចូលក្នុងមាត់ទំពារលេប ដូចអាហារធម្មតានោះទេ។ គាត់គ្រាន់តែចង់ប្រាប់យើងថា គាត់បានអានព្រះបន្ទូលព្រះអង្គ ហើយឲ្យព្រះបន្ទូលព្រះអង្គ បានជ្រួតជ្រាបក្នុងចិត្ត និងវិញ្ញាណរបស់គាត់។ នោះហើយជាបំណងព្រះហឫទ័យព្រះ។ ព្រះបន្ទូលជាអាហារខាងវិញ្ញាណ សម្រាប់ចិត្តរបស់យើង។ ពេលដែលយើងទទួលទានព្រះបន្ទូលព្រះ ព្រះវិញ្ញាណបរិសុទ្ធប្រទាននូវអំណាច ដើម្បីជួយឲ្យយើងលូតលាស់ កាន់តែមានលក្ខណៈដូចព្រះយេស៊ូវ។ ព្រះបន្ទូលកែប្រែរបៀបដែលយើងគិត អំពីព្រះ លុយ ខ្មាំងសត្រូវ អាជីព និងគ្រួសារ។ និយាយរួម ព្រះបន្ទូលព្រះ ពិតជាមានប្រយោជន៍ចំពោះយើងណាស់។
ដូចនេះ ចូរយើង “ទទួលទាន”ព្រះបន្ទូលព្រះ ឲ្យចិត្តស្កប់ស្កល់។ ខ្ញុំជឿថា អ្នកក៏មានគំនិតយល់ស្របនឹងហោរាយេរេមាផងដែរ នៅពេលដែលគាត់មានប្រសាសន៍ថា “ព្រះបន្ទូលរបស់ទ្រង់ជាសេចក្តីអំណរ ហើយជាទីរីករាយចិត្តដល់ទូលបង្គំ”(១៥:១៦)។-Joe Stowell…
សេចក្តីស្រឡាញ់ដែលគ្មានដែនកំណត់
ថ្មីៗនេះ មិត្តភ័ក្ររបស់ខ្ញុំម្នាក់ បានផ្ញើអត្ថបទមួយ ដែលនិយាយអំពីប្រវត្តិរបស់ចម្រៀងទំនុកដំកើង ដែលខ្ញុំបានឮគេច្រៀងជាញឹកញាប់ កាលពីក្មេង ដែលវគ្គទី៣មានទំនុកដូចតទៅ :
បើជាសមុទ្រពេញដោយទឹកខ្មៅ ហើយមេឃជាផ្ទាំងក្រដាសទទេ
បើស្លាបប៉ាកកាមានច្រើនដូចស្មៅ នឹងមនុស្សសុទ្ធតែជាស្មៀនសរសេរ
នោះបើសរសេរពីព្រះហឫទ័យ ស្រឡាញ់ដល់មនុស្សសារព័ន
នឹងត្រូវពង្រីង សមុទ្ររលីង អស់ផ្ទៃមេឃក៏មិនគ្រាន់។
ពាក្យពេចន៍ទាំងនេះ ជាផ្នែកមួយនៃកំណាព្យរបស់ជនជាតិយូដា នៅសម័យបុរាណ ហើយគេធ្លាប់ឃើញកំណាព្យនោះ នៅលើជញ្ជាំងរបស់អ្នកជម្ងឺ ក្នុងមន្ទីរពេទ្យផ្លូវចិត្តផងដែរ។
លោកផ្រេដឺរិក អ៊ែម លេមែន (Frederick M. Lehman) មានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលបានអានបទកំណាព្យនេះ បានជាគាត់ចង់ពង្រីកបទកំណាព្យឲ្យកាន់តែវែង ធ្វើជាបទចម្រៀង។ ក្នុងឆ្នាំ១៩១៧ ពេលគាត់កំពុងអង្គុយញាំអាហារថ្ងៃត្រង់នៅលើកេសដាក់ក្រូចឆ្មា ក្នុងអំឡុងពេលសម្រាកពីការងារលីសែង គាត់ក៏បានបន្ថែមទំនុកបទពីរវគ្គទៀត និងបន្ថែមវគ្គបន្ទរ ពីលើបទកំណាព្យនេះ ហើយក៏តែងបានបទចម្រៀងទំនុកដំកើងមួយបទ ដែលមានចំណងជើងថា “សេចក្តីស្រឡាញ់នៃព្រះ”។
យ៉ាងណាមិញ អ្នកនិពន្ធទំនុកដំកើង បានផ្តល់ឲ្យនូវការកម្សាន្តចិត្ត ដែលយើងអាចរកបានក្នុងក្តីស្រឡាញ់របស់ព្រះ ក្នុងទំនុកដំកើង ជំពូក៣៦ ដែលបានចែងថា “ឱព្រះយេហូវ៉ាអើយ សេចក្តីសប្បុរសនៃទ្រង់ខ្ពស់ ដល់ផ្ទៃមេឃ សេចក្តីស្មោះត្រង់នៃទ្រង់ក៏ដល់ពពកផង”(ខ.៥)។ ទោះបីជាជីវិតរបស់យើងកំពុងស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ គឺទោះយើងកំពុងមានអារម្មណ៍ច្របូកច្របល់ ឬស្មុគ្រស្មាញ ឬមួយកំពុងស្ថិតក្នុងពេលដ៏ខ្មៅងងឹតក៏ដោយ ក៏សេចក្តីស្រឡាញ់នៃព្រះជាពន្លឺនៃសេចក្តីសង្ឃឹម សម្រាប់ពេលបច្ចុប្បន្ន ជាប្រភពដែលមិនចេះរីងស្ងួតនៃកម្លាំង និងទំនុកចិត្ត។-Joe Stowell…
ព្រះអាទិករដ៏អស្ចារ្យដែលជាគ្រូពេទ្យដ៏ពូកែ
កាលពីពីរបីឆ្នាំមុន ខ្ញុំបានជួបគ្រោះថ្នាក់យ៉ាងដំណំ ក្នុងការជិះស្គីកម្សាន្ត ធ្វើឲ្យសាច់ដុំក្នុងជើងម្ខាង ត្រូវហែកយ៉ាងធ្ងន់ធ្ងរ។ តាមពិត វេជ្ជបណ្ឌិតបានប្រាប់ខ្ញុំថា ការដាច់រហែកនោះ បានបណ្តាលឲ្យចេញឈាមអស់ច្រើនពេក។ របួសនោះបានចំណាយពេលយ៉ាងយូរ ទំរាំតែជាសះស្បើយ តែក្នុងអំឡុងពេលដែលខ្ញុំកំពុងរង់ចាំនោះ ខ្ញុំមានការស្ងើចសរសើរយ៉ាងខ្លាំង ចំពោះព្រះអាទិករដ៏អស្ចារ្យរបស់យើង(មើលកូល៉ុស ១:១៦)។
ក្នុងមួយជីវិតនេះ ខ្ញុំបានធ្វើឲ្យបែកថាសកង់រថយន្តពីរបីដង ហើយក៏បានធ្វើឲ្យចានធ្លាក់បែកមិនតិចដងដែរ។ របស់ទាំងនោះកាលបើបានបែកហើយ គឺនៅតែបែកជារៀងរហូត ព្រោះវាមិនអាចជួសជុលខ្លួនឯងទេ។ តែជើងរបស់ខ្ញុំមិនមានបញ្ហាដូចនេះទេ។ គ្រាន់តែសាច់ដុំជើងរបស់ខ្ញុំរហែកភ្លាម ដំណើរការនៃការព្យាបាល ដែលព្រះគ្រីស្ទបានបង្កើតក្នុងខ្លួនខ្ញុំ ក៏បានចាប់ផ្តើមភ្លាមៗផងដែរ។ ព្រះអង្គបានរចនាឲ្យមានការព្យាបាលដ៏អស្ចារ្យ ក្នុងជម្រៅនៃសាច់ក្នុងជើងដ៏ឈឺចាប់របស់ខ្ញុំ ដែលយើងមិនអាចមើលឃើញដោយភ្នែកទទេ។ មិនយូរប៉ុន្មាន ខ្ញុំក៏អាចក្រោកឈរ ហើយរត់ម្តងទៀត ដោយការយល់ដឹងដ៏ថ្មីស្រឡាង អំពីអត្ថន័យនៃបទគម្ពីរទំនុកដំកើង ដែលបានចែងថា “ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដ្បិតទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យ”(ទំនុកដំកើង ១៣៩:១៤)។
ជួនកាល របួសឬជម្ងឺអាចធ្វើឲ្យយើងនឹកចំា អំពីការរចនាដ៏ល្អឯករបស់ព្រះ ដែលព្រះអង្គបានដាក់ឲ្យដំណើរការ ក្នុងរូបកាយយើង។ ដូចនេះ ពេលដែលអ្នកជួបបញ្ហាអ្វីមួយ ដែលធ្វើឲ្យរំខាន ទោះជាវាបណ្តាលមកពីអ្វីក៏ដោយ ក៏សូមផ្តោតអារម្មណ៍ ទៅលើសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះយេស៊ូវ ហើយអនុញ្ញាតឲ្យព្រះអង្គបញ្ឆេះចិត្តរបស់អ្នក ឲ្យចូលទៅក្នុងការថ្វាយបង្គំ ដោយការដឹងគុណ នៅពេលដែលមានការឈឺចាប់នោះ!-Joe Stowell
ការរំពឹងគិតដ៏ធំ
មានពេលមួយ ខ្ញុំបានសួរគ្រូពេទ្យប្រឹក្សាផ្លូវចិត្តម្នាក់ អំពីបញ្ហាធំៗដែលនាំឲ្យមនុស្សជាច្រើនមកសុំយោបលពីគាត់។ គាត់ក៏បានឆ្លើយតប ដោយគ្មានការអល់អែកថា “ការខកបំណង បាននាំឲ្យពួកគេប្រឈមមុខនឹងបញ្ហាជាច្រើន នៅពេលអនាគត។ បើសិនជាពួកគេមិនប្រញាប់ជម្នះការខកចិត្តនោះទេ នោះវានឹងលូតលាស់ក្លាយជាទៅកំហឹង និងភាពល្វីងជូរចត់នៅក្នុងចិត្ត”។ ក្នុងពេលដ៏ល្អបំផុត យើងងាយនឹងរំពឹងថា យើងនឹងបានទៅកន្លែងដ៏ល្អ ដែលមានមនុស្សល្អនៅក្បែរយើង ដែលពួកគេចូលចិត្ត ហើយសរសើរយើង។ ប៉ុន្តែ ជីវិតរបស់យើង មានឧបស័គ្គជាច្រើន ដែលធ្វើឲ្យការរំពឹងគិតនេះ ក្លាយជាការខកបំណង។ តើយើងត្រូវធ្វើដូចម្តេច?
យ៉ាងណាមិញ មានពេលមួយសាវ័កប៉ុលបានជាប់គុក ហើយមានគ្រីស្ទបរិស័ទខ្លះ ក្នុងក្រុងរ៉ូម បានព្យាយាមធ្វើឲ្យគាត់ពិបាកចិត្ត(ភីលីព ១:១៥-១៦) ប៉ុន្តែ នៅពេលនោះ គាត់នៅតែមានក្តីអំណរ ដោយគ្មានការភ្ញាក់ផ្អើលឡើយ។ គាត់យល់ថា ព្រះបានប្រទានឲ្យគាត់នូវបេសកកម្មថ្មីមួយទៀត។ ពេលគេឃុំខ្លួនគាត់នៅក្នុងផ្ទះ គាត់បានធ្វើបន្ទាល់អំពីព្រះគ្រីស្ទ ដល់ពួកអ្នកយាម ដែលនាំឲ្យដំណឹងល្អបានចូលទៅដល់ដំណាក់របស់ស្តេចសេសា។ ទោះអ្នកប្រឆាំងនឹងគាត់ កំពុងផ្សាយដំណឹងល្អ ដោយមានគំនិតអាក្រក់មែនក្តី ក៏ការនេះបាននាំឲ្យគេបានឮដំណឹងល្អរបស់ព្រះគ្រីស្ទ ដូចនេះគាត់នៅតែមានអំណរ(ខ.១៨)។
សាវ័កប៉ុលមិនដែលរំពឹងថា នឹងបានទៅកន្លែងដ៏អស្ចារ្យណាមួយ ឬទៅកន្លែងដែលមានគេចូលចិត្តគាត់ច្រើនឡើយ។ គាត់គ្រាន់តែរំពឹងថា “ព្រះគ្រីស្ទនឹងបានដំកើងឡើង” តាមរយៈគាត់ប៉ុណ្ណោះ(ខ.២០)។ និយាយរួម គាត់មិនមានការខកចិត្តទេ។
បើសិនជាយើងរំពឹងថា យើងនឹងបាននាំអ្នកនៅក្បែរយើង ឲ្យបានស្គាល់ព្រះគ្រីស្ទ ទោះជាយើងកំពុងនៅទីណា ឬយើងកំពុងនៅជាមួយនរណាក៏ដោយ នោះការរំពឹងគិតនោះ នឹងក្លាយជាការពិត…
អ្វីៗមានភាពរៀបរយ
ការបង្រៀនក្មេងៗ ឲ្យចេះរៀបចំអាកប្បកិរិយ៉ាឲ្យបានល្អ នៅព្រះវិហារ មិនមែនជាការងាយស្រួលទេ។ ពេលយើងទៅដល់ព្រះវិហារបានប្រហែល១០នាទី យើងឃើញថា អ្វីៗមានភាពរៀបរយ តែបើខ្ញុំមិនមើលម៉ាតធ្យូ(Matthew) កូនរបស់ខ្ញុំទេ នោះក្មេងប្រុសដ៏តូចល្អិតម្នាក់នេះ នឹងធ្វើឲ្យគេយល់ថា គាត់ហាក់ដូចជាគ្មានឪពុកម្តាយនៅមើលគាត់អញ្ចឹង។ ពេលនោះ ខ្ញុំនឹងបានឃើញគាត់រត់ចុះឡើង ក្នុងបន្ទប់ថ្វាយបង្គំ។ អាវដែលគាត់បានតើនុយ នឹងរបូតពាក់កណ្តាលហើយវែនតារបស់គាត់ក៏វៀចដែរ គាត់នឹងដើរអូសស្បែកជើង ហើយនំស្រួយរបស់គាត់ នឹងធ្លាក់កំទេចចុះមករាយលើខោអាវគាត់។ បើខ្ញុំមិនមើលគាត់ទេ នោះគាត់នឹងធ្វើឲ្យមានភាពរញេរញ៉ៃមិនខានទេ។
ការនេះបានធ្វើឲ្យខ្ញុំឆ្ងល់ថា តើជួនកាល យើងបង្ករឲ្យមានភាពរញេរញ៉ៃក្នុងជីវិតរបស់យើងផងដែរឬ? បន្ទាប់ពីព្រះគ្រីស្ទបានបំពាក់យើង ដោយសេចក្តីសុចរិតរបស់ព្រះអង្គហើយ យើងចេះតែវង្វេងចេញ ហើយរស់នៅតាមបែប ដែលធ្វើឲ្យគេគិតថា យើងហាក់ដូចជាមិនមែនជាកូនរបស់ព្រះអង្គអញ្ចឹង។ ហេតុនេះហើយបានជាព្រះគម្ពីរយូដាស បានសន្យាដល់យើងថា ព្រះយេស៊ូវ “អាចនឹងថែរក្សា មិនឲ្យអ្នករាល់គ្នាជំពប់ដួល ហើយនិងដាក់អ្នករាល់គ្នា នៅចំពោះសិរីល្អទ្រង់ ដោយឥតមានកន្លែងបន្ទោសបាន ព្រមទាំងមានចិត្តត្រេកអរផង”(យូដាស ១:២៤)។
តើហេតុអ្វីបានជាយើង នៅតែបន្តរស់នៅតាមរបៀប ដែលធ្វើឲ្យគេគិតថា យើងគ្មានព្រះវរបិតាដែលគង់នៅស្ថានសួគ៌? កាលណាយើងអនុញ្ញាតឲ្យព្រះវិញ្ញាណដឹកនាំជីវិតយើង តាមផ្លូវរបស់ព្រះអង្គ នោះព្រះអង្គនឹងជួយមិនឲ្យយើងជំពប់ដួល។ សូមគិតថា បើសិនជាយើងចំណាយពេលជាមួយព្រះបន្ទូលព្រះអង្គ ដើម្បីសម្អាតចិត្តយើង ដោយ “ទឹកលាងសម្អាត ដែលជាព្រះបន្ទូល” នោះតើជីវិតយើងនឹងមានភាពសុចរិតប៉ុណ្ណា?(អេភេសូរ ៥:២៦)។
យើងពិតជាមានពរណាស់ ដែលព្រះយេស៊ូវបានសន្យាថា នឹងទទួលយកជីវិតយើង ដែលចេះតែជំពប់ដួល…
ការដាក់បង្ហាញ
ភរិយារបស់ខ្ញុំ ជាអ្នកពូកែធ្វើម្ហូបណាស់។ បន្ទាប់ពីខ្ញុំធ្វើការពេញមួយថ្ងៃ ជាញឹកញាប់ ខ្ញុំច្រើនតែត្រឡប់មកផ្ទះវិញ ដោយរំពឹងថានឹងបានធំក្លិនដ៏ឈ្ងុយឈ្ងប់នៃម្ហូបដែលនាងបានចម្អិន ដែលជាសញ្ញាបញ្ចាក់ថា ខ្ញុំនឹងបានញាំអាហារដ៏ឈ្ងុយឆ្ងាញ់ទៀតហើយ។ នាងមិនគ្រាន់តែចេះរបៀបធ្វើម្ហូបប៉ុណ្ណោះទេ តែនាងក៏ជាអ្នកជំនាញខាងតម្រៀបអាហារនៅលើតុបាយផងដែរ។ បានជានាងតែងតែរៀបចំអាហារនៅក្នុងចាន ឲ្យត្រូវនឹងពណ៌របស់សាច់ បាយ និងបន្លែ នៅលើតុអាហារ ដើម្បីស្វាគមន៍ខ្ញុំ ចូលអង្គុយញាំអាហារដែលនាងចម្អិនផ្ទាល់ដៃ ដោយអំណរ។ បើសិនជានាងមិនបានចម្អិន ហើយរៀបចំអាហារឲ្យមានរបៀបទេ នោះយើងមិនអាចញាំអាហារនោះកើត ហើយវាក៏មិនសូវទាក់ទាញឡើយ។ ព្រោះសាច់ឆៅ ត្រូវការការចម្អិនឲ្យបានឆ្អិនល្អ ហើយអង្ករក៏ត្រូវការដាំឲ្យក្លាយជាបាយ រីឯបន្លែវិញ គឺត្រូវការការលាងសម្អាត និងកាត់តម្រឹមឲ្យស្អាតផងដែរ។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីកិច្ចការដែលព្រះយេស៊ូវបានធ្វើ ដោយព្រះគុណព្រះអង្គ សម្រាប់ខ្ញុំ។ ខ្ញុំដឹងច្បាស់ថា ខ្ញុំងាយនឹងធ្លាក់ចូលក្នុងអំពើបាប។ ខ្ញុំក៏ដឹងផងដែរថា ខ្លួនខ្ញុំផ្ទាល់មិនសក្តិសមនៅឈរនៅចំពោះព្រះអង្គឡើយ។ តែពេលដែលខ្ញុំបានទទួលសេចក្តីសង្រ្គោះហើយ ព្រះយេស៊ូវបានធ្វើឲ្យខ្ញុំមានជីវិតថ្មី(២កូរិនថូស ៥:១៧)។ ព្រះអង្គទទួលខ្ញុំ ទោះបីខ្ញុំមានបាបយ៉ាងណាក៏ដោយ ហើយបានធ្វើឲ្យខ្ញុំក្លាយជាដង្វាយដ៏ “បរិសុទ្ធ ឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន នៅចំពោះទ្រង់” តាមដែលសមគួរ(កូល៉ុស ១:២២)។ ព្រះអង្គកែឆ្នៃនិងរៀបចំខ្លួនខ្ញុំ សម្រាប់បង្ហាញដល់ព្រះវរបិតា ឲ្យសមជាដង្វាយដែលព្រះអង្គសព្វព្រះទ័យនឹងទទួល។
ពេលដែលព្រះអង្គជួយឲ្យជីវិតយើងមានការផ្លាស់ប្រែ សូមព្រះអង្គបណ្តាលចិត្តយើង ឲ្យរស់នៅក្នុងជីវិតថ្មី ហើយបន្ទាបខ្លួន ដោយការដឹងគុណ ចំពោះព្រះគ្រីស្ទ សម្រាប់ព្រះរាជកិច្ចដែលព្រះអង្គបានធ្វើសម្រេចក្នុងជីវិតយើង!—Joe Stowell
ព្រះគង់នៅជាមួយយើង
ពេលខ្ញុំកំពុងអធិប្បាយព្រះបន្ទូល ក្នុងសាលាព្រះគម្ពីរមួយកន្លែង ក្នុងក្រុងប៊ូឆារេស ប្រទេសរ៉ូម៉ានី ខ្ញុំសង្កេតឃើញសិស្សសាលាព្រះគម្ពីរម្នាក់ មានសំលៀកបំពាក់ខុសគេ នៅក្នុងថ្នាក់រៀន។ គេគ្រប់គ្នាបានស្លៀកពាក់ឯកសណ្ឋានយ៉ាងសមសួន ហើយមានតែគាត់ទេ ដែលស្លៀកខោខៅប៊យ និងអាវយឺត និងពាក់មួកខុសគេ។ ការនេះបានធ្វើឲ្យខ្ញុំងាយនឹងកត់សំគាល់អំពីគាត់ បានជាខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាគាត់មិនស្លៀកពាក់ឲ្យសមស្រប តាមទំនៀបទំលាប់របស់សាលាព្រះគម្ពីរ។ ដល់ពេលចប់ម៉ោងរៀន គាត់ក៏បានដើរមកណែនាំខ្លួនគាត់។ ពេលខ្ញុំសួរឈ្មោះគាត់ គាត់ប្រាប់ថា គាត់ឈ្មោះ “អេម៉ាញូអែល”។ ខ្ញុំមានការភ្ញាក់ផ្អើលណាស់ ពេលដែលបានឮគាត់ប្រាប់ឈ្មោះដូចនេះ បានជាខ្ញុំសួរគាត់ថា “តើប្អូនដឹងថា ឈ្មោះហ្នឹងមានន័យដូចម្តេចទេ”។ គាត់ក៏ឆ្លើយដោយមិនអឹមអៀនថា “បាទលោកគ្រូ ឈ្មោះហ្នឹងមានន័យថា “ព្រះគង់នៅជាមួយយើង!”
ពេលដែលខ្ញុំគិតអំពីយុវជនម្នាក់នេះ ដែលស្លៀកពាក់ខុសគេ ក្នុងចំណោមហ្វូងមនុស្ស ខ្ញុំក៏បាននឹកចាំ អំពីការដែលព្រះយេស៊ូវបានយាងមក ដើម្បីនាំព្រះវត្តមានព្រះ ចូលគង់នៅជាមួយមនុស្សក្នុងលោកិយនេះ បានជាគេត្រូវហៅព្រះអង្គថា “អេម៉ាញូអែល ដែលប្រែថា ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ”(ម៉ាថាយ ១:២៣)។ ដូចនេះ ព្រះអង្គក៏បានត្រាសហៅយើងឲ្យយាងព្រះវត្តមានព្រះអង្គ ចូលក្នុងជីវិតយើង ហើយចេញទៅនាំអ្នកដទៃ ឲ្យទទួលព្រះវត្តមានព្រះអង្គផងដែរ។ គឺដូចដែលព្រះអង្គបានមានបន្ទូលយ៉ាងច្បាស់ថា “ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាព្រះវរបិតាបានចាត់ឲ្យខ្ញុំមកដែរ”(យ៉ូហាន ២០:២១)។
ក្នុងរដូវកាលនៃពិធីបុណ្យណូអែលនេះ យើងអាចថ្វាយដង្វាយទៅព្រះ ដោយរស់នៅឲ្យមានលក្ខណៈដូចព្រះអង្គ។ ពេលដែលការរស់នៅរបស់យើង ឆ្លុះបញ្ចាំងឲ្យគេស្គាល់ព្រះ ដែលគង់នៅក្នុងយើង នោះយើងនឹងមានលក្ខណៈខុសពីលោកិយ ហើយភាពខុសគ្នានេះ…